នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្តុះបណ្តាលស្ដីពី នីតិវិធីហិរញ្ញវត្ថុ សម្រាប់អនុវត្តកញ្ចប់ ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាល ក្រុង ស្រុក,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ, រដ្ឋបាលក្រុងបាត់ដំបង, និង រដ្ឋបាលក្រុងកំពង់ចាម ៕